ការដឹងគុណចំពោះឪពុកម្តាយ
សរសេរដោយ៖ លោក ម៉េង ម៉ារី
ដោយយោងទៅលើកំណាព្យខ្មែរបទពាក្យបួន ដែលក្នុងនោះមានមួយឃ្លាត្រូវបានសរសេរថា «ម៉ែឪមាន គុណ គុណមានទំងន់ ធ្ងន់លើសប្រថពី គ្មានអ្វីនឹងសង គុណលោកទាំងពីរ ធ្ងន់លើសគីរី គ្មានអ្វីស្មើហោង» ក្នុងឃ្លានេះ កវីយើង ចង់បង្ហាញថា គុណរបស់ឪពុកម្តាយ មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ទោះជាកូន តបស្នងយ៉ាងណា ក៏តបស្នងមិនអស់ដែរ មានន័យថា គុណរបស់ឪពុកម្តាយមិនមានអ្វីមកកាត់ថ្លៃបានឡើយ។ ទោះជាយើងជាកូន តបស្នងសងគុណមាតាបិតា ក្នុងជាតិនេះមិនអស់ក្តី ក៏ប៉ុន្តែយើងក៏អាចដឹង និងធ្វើនូវ អ្វីដែលត្រូវ និងដឹងនូវអ្វី ដែលមិនត្រូវធ្វើផងដែរ។ យោងលើហេតុផលនេះ យើងអាចចោទជាសំនួរថា តើអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ ដើម្បីបញ្ជាក់ពីការដឹងគុណចំពោះឪពុកម្តាយ?
![]() |
ការសំពះឪពុកម្តាយ ជីដូនជីតា គ្រូបាអាចារ្យ |
ជាការពិតណាស់ ចំណុចទី១ ដែលយើងចាំបាច់ត្រូវធ្វើ ហើយក៏ជាអ្វីដែលឪពុកម្តាយគ្រប់រូប តែងប្រាថ្នា ចង់បានដែរនោះ គឺអ្នកត្រូវខិតខំរៀនសូត្រ។ ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំងពីផ្តល់កំណើត រហូតដល់អ្នកធំពេញ រូបពេញរាង ឪពុកម្តាយអ្នកតែងផ្គត់ផ្គង់ទំនុកបំរុងអោយកូនរបស់ខ្លួនបានរៀនសូត្រ ដូច្នេះ ជាការតបស្នងដល់ លោកទាំងពីរ អ្នកត្រូវខិតខំរៀនសូត្រដើម្បីអោយគាត់បានសប្បាយចិត្ត។ ក្រៅពីនេះ បន្ទាប់ពីការខិតខំប្រឹង ប្រែងរៀនសូត្ររបស់អ្នកបានសំរេច អ្នកនឹងធ្វើអោយឪពុកម្តាយរបស់អ្នកមានកិត្តិយស។ ឧទាហរណ៍ជាក់ស្តែង នៅក្នុងសង្គមខ្មែរយើងសព្វថ្ងៃ នៅពេលដែលកូនៗបានទទួលអាហារូបករណ៍ ក្នុង ឬក្រៅប្រទេស ឪពុកម្តាយ គ្រប់រូបតែងមានមោទនភាពចំពោះកូនខ្លួន និងពេលខ្លះ ពេលលោកអញ្ជើញទៅណាមកណា លោកតែងពោល ប្រាប់គេថា កូនរបស់គាត់បានជាប់អាហារូបករណ៍ទៅរៀននៅទីនេះ ឬទីនោះ ដែលនេះជាកិត្តិយសមួយដែល កូនម្នាក់ៗគួរខិតខំធ្វើចំពោះឪពុកម្តាយ។ ជាមួយគ្នានេះផងដែរ បើទោះជាអ្នកខិតខំរៀនហើយ តែលទ្ធផលនៃ ការរៀនរបស់អ្នក នៅតែមិនបានល្អ ឬក៏មិនបានទទួលមុខតំណែងធំដុំនោះ តែលោកទាំងពីរ ក៏គង់នឹងកាត់ បន្ថយភាពភ័យខ្លាចរបស់លោកចំពោះអ្នកផងដែរ ពីព្រោះយ៉ាងហោចណាស់ អ្នកបានក្លាយជាមនុស្សសុចរិត ទៀងត្រង់នៅក្នុងសង្គម ដែលចៀសវាងផុតពីអំពើអបាយមុខពាលាអាវាសែផងដែរ។ ដូច្នេះ ការខិតខំរៀនសូត្រ គឺជា វិធីដ៏ល្អមួយ ដែលកូនគ្រប់រូប ត្រូវធ្វើដើម្បីបញ្ជាក់ពីការដឹងគុណចំពោះឪពុកម្តាយ។
ចំណុចសំខាន់ទី២ ដែលកូនគ្រប់រូបត្រូវធ្វើចំពោះឪពុកម្តាយនោះគឺ ត្រូវស្តាប់តាមការទូន្មានប្រៀនប្រដៅ របស់លោកទាំងពីរ។ ជាធម្មតា ការស្តីបន្ទោស ការប្រៀនប្រដៅបន្តិចបន្តួច តែងតែកើតមាននៅពេលដែលកូន ប្រព្រឹត្តខុស ដូចនេះ កូនម្នាក់ៗមិនត្រូវតមាត់ តសម្តីខ្លាំងៗទៅលើគាត់វិញទេ ពីព្រោះការស្តីបន្ទោសរបស់គាត់ នេះ គឺជាការបញ្ជាក់ពីការព្រួយបារម្ភ ការយកចិត្តទុកដាក់ចំពោះកូនៗតែប៉ុណ្ណោះ។ បន្ថែមពីលើនេះទៅទៀត យើងជាកូន មិនត្រូវមានចិត្តខឹង ឬធ្វើអាកប្បកិរិយាផ្គើនទៅលើឪពុកម្តាយវិញទេ ព្រោះឪពុកម្តាយទូន្មានយើង គឺគ្រាន់តែចង់អោយយើងល្អតែប៉ុណ្ណោះ ហើយបើយើងធ្វើអាកប្បកិរិយាផ្គើនទៅលើគាត់ទៀតនោះ វាអាចប៉ះ ពាល់ទៅដល់សុខភាពទាំងផ្លូវចិត្ត និងផ្លូវកាយរបស់គាត់ទៀតផង។ ដូចនេះ យើងជាកូន មិនត្រូវធ្វើអោយឪពុក ម្តាយពិបាកចិត្ត ដោយសារតែការមិនស្តាប់តាមការទូន្មានប្រៀនប្រដៅរបស់គាត់ឡើយ។
ចំណុចទី៣ ដើម្បីបញ្ជាក់ពីការដឹងគុណចំពោះឪពុកម្តាយ យើងត្រូវចេះធ្វើបុណ្យទាន់ខែភ្លឺ។ នៅ ពេលដែលយើងបានធំធាត់រឹងមាំ អាចចិញ្ចឹមជីវិតខ្លួនឯងហើយ យើងត្រូវចេះគិតគូរដល់ឪពុកម្តាយរបស់យើង ដោយត្រូវចេះទិញម្ហូបអាហារ ចំណីណា ដែលគាត់ចូលចិត្តជូនគាត់ពិសារ។ ជាងនេះទៅទៀត យើងត្រូវចេះ មើលថែសុខភាពរបស់គាត់អោយបានល្អ នៅពេលដែលគាត់ឈឺថ្កាត់ មានតែយើងជាកូនហើយ ដែលជាមនុស្ស សំខាន់ដែលគាត់ត្រូវការ ប៉ុន្តែបើយើងមិនអើពើជាមួយ ឬក៏ប្រចាំគ្នារៀងៗខ្លួន ភ័យខ្លាចអស់ប្រាក់កាសក្នុងការ ព្យាបាលគាត់នោះ ទង្វើនេះនឹងធ្លាក់មកយើងវិញនៅពេលអនាគតជាមិនខានឡើយ។ ម្យ៉ាងវិញទៀត នៅពេល ឪពុកម្តាយ មានភាពចាស់ជរា គាត់តែងរកវត្តរកវ៉ា រកធម៌រកអារ ដូច្នេះ យើងត្រូវធ្វើបុណ្យអោយគាត់ ឬផ្តល់ ប្រាក់អោយគាត់ធ្វើបុណ្យ ព្រោះថា ជាពុទ្ធសាសនិក នេះជាកាតព្វកិច្ចដ៏សំខាន់ដែលយើងត្រូវធ្វើ ដែលទង្វើនេះ អាចជួយលុបលាងផលបាបដែលយើងបានសាងពីមុនមកទៀតផង។ ដូចនេះ ពាក្យចាស់ថា ធ្វើបុណ្យទាន់ខែភ្លឺ ពិតជាសក្តិសមនឹងកូនៗគ្រប់រូបត្រូវដឹង និងធ្វើចំពោះឪពុកម្តាយមែន។
ចំពោះចំណុចចុងក្រោយវិញ ដើម្បីបញ្ជាក់ពីទឹកចិត្តកតញ្ញូដឹងគុណរបស់កូនចំពោះឪពុកម្តាយ យើង ម្នាក់ៗមិនត្រូវមើលងាយចំពោះគាត់ទាំងពីរឡើយ។ បើយើងមានឪពុក ឬម្តាយ ឬក៏អ្នកទាំងពីរជាជនពិការ យើង មិនត្រូវ មាក់ងាយ ឬមានចិត្តអាម៉ាសដែលមានឪពុកម្តាយដូចរូបលោកទាំងពីរឡើយ។ ឧទាហរណ៍ មានរឿង និទានមួយ បានដំណាលថា មានសិស្សវិទ្យាល័យម្នាក់ មានម្តាយជាជនពិការភ្នែកម្ខាង។ នៅថ្ងៃមួយ ម្តាយ បានទៅមើលកូន នៅសាលារៀន នៅពេលនោះ កូនរបស់គាត់មានអារម្មណ៍ខ្មាស់មិត្តភក្តិគេជាខ្លាំង ដោយសារ មានមិត្តខ្លះ បានចំអកថា ម្តាយរបស់គេជាមនុស្សខ្វាក់។ យុវជននោះបានខឹងយ៉ាងខ្លាំង ហើយពេលមក ដល់ផ្ទះវិញ គេបានស្តីបន្ទោសម្តាយរបស់គេថា ហេតុអ្វីបានជាអ្នកទៅរកខ្ញុំដល់សាលាធ្វើអ្វី អ្នកដឹងទេ ថ្ងៃនេះអ្នកបានធ្វើអោយខ្ញុំអាម៉ាសមុខយ៉ាងខ្លាំងព្រោះតែមានម្តាយជាមនុស្សខ្វាក់ដូចអ្នកហ្នឹង។ ព្រោះតែ មិនចង់អោយកូនដឹងពីទុក្ខលំបាករបស់ខ្លួនម្តាយរបស់គេមិនបាននិយាយអ្វីតបទេ ប៉ុន្តែនៅក្នុងចិត្តគាត់ទ្រាំ ទប់ទឹកភ្នែកមិនបានស្ទើរតែផ្ទុះចេញមកក្រៅទៅហើយ។ បន្ទាប់មកយុវជននោះបានតាំងចិត្តថាខ្លួននឹងខិតខំ ប្រឹងរៀន ហើយថ្ងៃណាមួយគេនឹងចាកចេញពីម្តាយដែលផ្តល់តែក្តីអាម៉ាសអោយគេ។ ថ្ងៃមួយ គេបានទទួល អាហារូបករណ៍ទៅរៀននៅប្រទេសសិង្ហបូរី បន្ទាប់ពីរៀនចប់គេបានរៀបការជាមួយស្ត្រីជាជនជាតិ សិង្ហបូរីហើយរស់នៅទីនោះ ប៉ុន្តែគេមិនបានប្រាប់ប្រពន្ធរបស់គេថាគេមានម្តាយជាជនពិការភ្នែកនោះទេ។ ថ្ងៃមួយម្តាយរបស់គេបានមកលេង ប៉ុន្តែនៅពេលមកដល់ ចៅរបស់គាត់ដែលមិនស្គាល់ថាគាត់ជាជីដូន របស់ខ្លួននោះបានបើកទ្វារ ហើយមានការភ័យខ្លាចយ៉ាងខ្លាំង។ នៅពេលនោះ បុរសជាឪពុក និងប្រពន្ធ របស់គេបានមកមើល ហើយឃើញម្តាយរបស់ខ្លួន។ ដោយមិនចង់អោយប្រពន្ធដឹង បុរសនោះបានស្តីបន្ទោស អោយម្តាយរបស់គេថា អ្នកជាអ្នកណា អ្នកមកទីនេះមានការ អី រូបរាងអ្នកបែបនេះអាចបន្លាចកូនរបស់ខ្ញុំអោយ ខ្លាចបានណា។ ទឹកចិត្តជាម្តាយដោយមិនចង់អោយកូន មាន ភាពអាម៉ាស់ចំពោះមុខប្រពន្ធ បាននិយាយថា អោយខ្ញុំសុំទោស ខ្ញុំច្រឡំអាសយដ្ឋានហើយ។ រយៈពេលមួយខែ ក្រោយមក បុរសនោះបានទទួល សំបុត្រមួយផ្ញើពីអ្នកជិតខាងចាស់របស់គេថា ម្តាយរបស់គេបានស្លាប់ហើយ សូមអោយគេទៅទទួល មរតកបន្តិចបន្តួចរបស់គាត់។ នៅពេលនោះបុរសនោះបានប្រាប់ប្រពន្ធរបស់ខ្លួនថា គេ មានសំបុត្រ ណាត់ជួបពិភាក្សារឿងជំនួញ ដូចនេះតំរូវអោយគេត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញ។ នៅ ពេលមកដល់ នៅក្នុងផ្ទះដ៏តូចចង្អៀតមួយដែលបុរសនោះធ្លាប់រស់នៅ មានបន្សល់ទុកសំបុត្រមួយនៅលើតុ។ គាត់បានអាន សំបុត្រនោះហើយ ហើយក៏សំរក់ទឹកភ្នែក នឹកខ្មាស់អៀននូវទង្វើដ៏ថោកទាប ជាងសត្វតិរច្ឆាន របស់ខ្លួន ដោយ ក្នុងសំបុត្រនោះមានអត្ថន័យថា «មកដល់កូនជាទីស្រលាញ់! ម៉ែពិបាកចិត្តណាស់ដែលធ្វើ អោយកូនខ្មាសគេ ដោយសារតែម៉ែជាជនពិការភ្នែកម្ខាង។ មកដល់ពេលនេះម៉ែមិនចង់លាក់បាំងកូនតទៅទៀត ទេ កាលពីតូច កូនកើតមក មានភ្នែកតែមួយចំហៀងតែប៉ុណ្ណោះ ដូច្នេះម៉ែមិនចង់ឃើញកូនខ្មាស់គេទេ ពេល នោះ ម៉ែបានបរិច្ចាគភ្នែកមួយចំហៀងដល់កូន។ មកដល់ពេលនេះ ម៉ែគ្មានអ្វីបន្សល់ទុកអោយកូន ក្រៅពីភ្នែក មួយចំហៀងនេះទេ សង្ឃឹមថាកូននឹងថែរក្សាវា អោយបានល្អ ហើយកូនត្រូវចាំថាម្តាយនៅក្នុងខ្លួនកូនរហូត ហើយម៉ែអាចឃើញអ្វីដែលកូនចង់ឃើញ។ ពីម៉ែរបស់កូន!» ដូចនេះ រឿងនេះចង់បញ្ជាក់ថា ទោះជាយើងមាន ឪពុក ឬម្តាយជាជនពិការក៏ដោយ យើងត្រូវមានមោទនភាពចំពោះខ្លួនឯងដែលបានកើតមកជាកូនរបស់គាត់ មិនត្រូវមើលងាយ បន្តុះបង្អាប់បន្ថែមទៅលើពួកគាត់ឡើយ។ ម្យ៉ាងវិញទៀត បើសិនជាឪពុកម្តាយយើងស្ថិតក្នុង ជីវភាពក្រីក្រលំបាកតោកយ៉ាក យើងមិនត្រូវអន់ចិត្ត នៅពេលដែលឃើញមិត្តភក្តិមានជីវភាពគ្រាន់បើ ឬមានជាងយើងនោះទេ យើងត្រូវគិតថា ជីវិតគឺជាការតស៊ូ ហើយសុភមង្គល កើតមាននៅពេល គ្រួសារទាំង មូលចេះសាមគ្គីគ្នា ដូច្នេះយើងត្រូវចេះជួយការងារគាត់ ជាជាងអន់ចិត្តចំពោះវាសនាខ្លួនឯង។ ជាមួយគ្នានេះដែរ ក្នុងសម័យបច្ចុប្បន្ន យុវវ័យមួយចំនួន នៅពេលដែលខ្លួនបានរៀនសូត្រខ្ពង់ខ្ពស់ គេបានគិតក្នុងចិត្តថា ឪពុកម្តាយ ជាមនុស្សមិនចេះអក្សរ មិនអាចធ្វើការងារធំដុំបានឡើយ ហើយពេលខ្លះ គេថែមទាំងអាចនិយាយ ពាក្យនោះចេញទៅកាន់ឪពុកម្តាយគេទៀតផង។ ដូចនេះ ធ្វើជាកូនកតញ្ញូ ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវមើលងាយឪពុកម្តាយរបស់ខ្លួននោះឡើយ។
សរុបមក ដើម្បីបញ្ជាក់ពីការដឹងគុណចំពោះលោកពុកអ្នកម្តាយ យើងជាកូន ត្រូវខិតខំប្រឹងរៀនសូត្រ ត្រូវស្តាប់តាមការទូន្មានរបស់ឪពុកម្តាយ ត្រូវចេះធ្វើបុណ្យទាន់ខែភ្លឺ និងជាចុងក្រោយ មិនត្រូវមើលងាយឪពុក ម្តាយឡើយ។ យោងទៅលើ ចំណុចទាំង៤ខាងលើ ខ្ញុំគិតថា តាំងពីតូចក្រូចឆ្មារមក ខ្ញុំមិនដែលបានធ្វើអ្វីជាដុំ កំភួន ជូនលោកមានគុណទាំងពីរឡើយ ដូច្នេះ ចាប់តាំងពីពេលនេះតទៅ ខ្ញុំប្តេជ្ញាថានឹងគោរពស្តាប់តាមការ ទូន្មានរបស់គាត់ និងធ្វើអោយគាត់សប្បាយចិត្ត។ ជាចុងក្រោយ ខ្ញុំចង់និយាយពាក្យក្នុងចិត្ត ប្រាប់អ្នកមាន គុណរបស់ខ្ញុំទាំងពីរថា «ប៉ា ម៉ាក់ កូនមានមោទនភាពណាស់ ដែលបានកើតជាកូនរបស់អ្នកទាំងពីរ។ កូនសូមសន្យាថា កូននឹងខំប្រឹងរៀនសូត្រ មិនធ្វើអោយលោកទាំងពីរខកបំណងឡើយ៕»
Thank
ReplyDelete